Kimkorng / Note / Culture / APR 07, 2026

អត្ថន័យ និងសារៈសំខាន់នៃ «របាំត្រុដិ» ក្នុងសង្គមខ្មែរ

អត្ថន័យ និងសារៈសំខាន់នៃ «របាំត្រុដិ» ក្នុងសង្គមខ្មែរ

0:00
0:00

ព្រះរាជាណាចក្រកម្ពុជា គឺជាមាតុភូមិដែលមានអារ្យធម៌ដ៏រុងរឿង និងវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានចងក្រង និងបន្សល់ទុកនូវកេរមរតកជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមសម្បត្តិវប្បធម៌ទាំងនោះ របាំប្រពៃណីគឺជាផ្នែកមួយដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីជំនឿ សាសនា និងរបៀបរស់នៅរបស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។ ក្នុងចំណោមរបាំប្រពៃណីខ្មែរជាច្រើនប្រភេទ របាំត្រុដិ គឺជាក្បាច់រាំដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលប្រជាជនខ្មែរតែងតែលើកយកមកសម្ដែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ តើរបាំត្រុដិមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ ហើយរបាំនេះមានសារៈសំខាន់យ៉ាងណាចំពោះជំនឿ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ?

ដើម្បីជាពន្លឺក្នុងការបកស្រាយឱ្យបានស៊ីជម្រៅ យើងគប្បីឈ្វេងយល់នូវនិយមន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យ ត្រុដិ ក្លាយមកពីពាក្យសំស្ក្រឹត ដែលមានន័យថា ការផ្ដាច់ដំណើរកាត់។ ក្នុងន័យនេះ គឺសំដៅលើការកាត់ផ្ដាច់ចេញនូវឆ្នាំចាស់ ដើម្បីផ្លាស់ចូលទៅក្នុងឆ្នាំថ្មី។ ចំណែកឯ របាំត្រុដិ គឺជាប្រភេទរបាំប្រពៃណីដែលគេសម្ដែងឡើងក្នុងគោលបំណងដេញឧបទ្រពចង្រៃ និងសុំសេចក្ដីសុខ។ ជារួម របាំត្រុដិមិនមែនគ្រាន់តែជាការកម្សាន្តសប្បាយនោះទេ ប៉ុន្តែវាជាពិធីកិច្ចបែបជំនឿដែលជួយជម្រះគ្រោះភ័យពីឆ្នាំចាស់ និងនាំមកនូវសិរីសួស្ដីសម្រាប់ឆ្នាំថ្មី។

តាមរយៈការវិភាគទៅលើទម្រង់នៃការសម្ដែង យើងអាចលើកយកនូវចំណុចសំខាន់ៗមកបកស្រាយដូចតទៅ៖

ទីមួយ គឺជំនឿលើការកម្ចាត់សត្វសាហាវ និងគ្រោះចង្រៃ។ តាមរយៈការសម្ដែង យើងសង្កេតឃើញមានតួអង្គចម្រុះមួយចំនួនដូចជា ប្រើស ទន្សោង ក្ងោក ក្របី និងតួអង្គព្រានព្រៃ។ តួអង្គ ប្រើស និង ទន្សោង ត្រូវបានគេចាត់ទុកជាតំណាងឱ្យគ្រោះចង្រៃ ឬសភាវៈអាក្រក់។ ការដេញតាមចាប់ប្រើសពីសំណាក់ព្រានព្រៃ គឺជានិមិត្តរូបនៃការតាមកម្ចាត់រាល់ឧបទ្រពចង្រៃទាំងឡាយដែលបានកើតមានក្នុងឆ្នាំចាស់ មិនឱ្យបន្តទៅឆ្នាំថ្មីឡើយ។ ជាក់ស្ដែង ក្នុងសង្គមខ្មែរពីបុរាណ ប្រជាជនជឿថាការសម្ដែងរបាំនេះនៅតាមផ្ទះ នឹងជួយឱ្យម្ចាស់ផ្ទះមានជ័យមង្គល និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗដែលមកបៀតបៀន។

ទីពីរ គឺការផ្សារភ្ជាប់ទៅនឹងកសិកម្ម និងការសុំទឹកភ្លៀង។ របាំត្រុដិ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវភាពកសិកម្មផងដែរ។ តាមរយៈបទចម្រៀង និងឧបករណ៍តន្ត្រីដូចជា ដងកញ្ឆា (ធ្វើ​អំពី​ពីងពង់​ប្រវែង​២​ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភា្ជ​ប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ព​ត់ង​ទ​ន្ទាំ មាន​សណ្ឋាន​ដូច​ស្នែង​៤) វាបង្កើតជាសូរសម្លេងប្រាវៗ ដែលគេជឿថាអាចដាស់សតិអារម្មណ៍ធម្មជាតិឱ្យអំណោយផលដល់ទឹកភ្លៀង និងទិន្នផលកសិកម្មក្នុងរដូវកាលខាងមុខ។ លើសពីនេះ ការសម្ដែងរបាំនេះជាការដើរប្រមូលបច្ច័យ ឬការធ្វើទានពីអ្នកភូមិ ដើម្បីយកទៅប្រគេនវត្តអារាម ឬជួយកសាងសមិទ្ធផលរួមក្នុងសហគមន៍ ដែលបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ និងទឹកចិត្តសប្បុរសធម៌ក្នុងសង្គមខ្មែរ។ ឆ្លងតាមការបកស្រាយខាងលើ យើងឃើញថា របាំត្រុដិគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈនៃការសម្ដែង និងជំនឿលើសិរីសួស្ដី ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិយ៉ាងច្បាស់លាស់។

សរុបមក របាំត្រុដិគឺជាបេតិកភណ្ឌអរូបីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ វាមិនត្រឹមតែផ្ដល់នូវភាពរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវានៅជាស្ពានតភ្ជាប់រវាងមនុស្ស និងជំនឿ បង្កើតបានជាស្មារតីលះបង់នូវរឿងរ៉ាវអសិរិមង្គល និងការតាំងចិត្តថ្មីសម្រាប់ជីវិត។ ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ យើងត្រូវមានមោទនភាព និងចូលរួមថែរក្សា ការពារ ក៏ដូចជាផ្សព្វផ្សាយរបាំត្រុដិឱ្យបានទូលំទូលាយ។ ការចូលរួមទស្សនា និងការយល់ដឹងពីអត្ថន័យពិតនៃរបាំនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារព្រលឹងវប្បធម៌ខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍តទៅអនាគត៕

#សួស្ដីឆ្នាំថ្មី២៥៧០ #HappyKhmerNewYear

Share: